GPA ទាបមិនមែនជាបញ្ហាក្នុងការដាក់អាហារូបករណ៍នោះទេ

ភាគច្រើននៃសិស្សនិស្សិតដែលមានបំណងចង់ដាក់អាហារូបករណ៍ទៅសិក្សានៅបរទេស តែងតែបារម្ភថា GPA ទាបពេក មិនហ៊ានដាក់ពាក្យសុំអាហារូបករណ៍ព្រោះខ្លាចគេមិនទទួល។ ជាការពិតណាស់ បើអ្នករៀនបានពិន្ទុទាបពេក វាពិតជាពិបាកក្នុងការដាក់អាហារូបករណ៍ ប៉ុន្តែសំនួរសួរថាតើពិន្ទុ GPA កំរិតណាដែលត្រូវបានគេចាត់ទុកថាទាប ហើយកំរិតណាទើបល្មមនឹងអាចដាក់អាហារូបករណ៍បាន?

GPA គឺជាអក្សរកាត់របស់ពាក្យ Grade Point Average។ វាគឺជាស្តង់ដារក្នុងការវាស់ស្ទង់ការសិក្សា (measuring academic achievement) របស់និស្សិតម្នាក់ៗ ដោយគិតជាមធ្យមនៃមុខវិជ្ជានិមួយៗដែលបានសិក្សា។ ជាទូទៅ GPA ស្ថិតនៅចន្លោះ ០ ទៅ ៤ ឬក៏លើសពីនេះ ប៉ុន្តែនៅប្រទេសកម្ពុជារបស់យើង គេនិយមប្រើ GPA ០ ទៅ ៤ (Scale 0-4) ដែលមានន័យថា GPA 4.0 គឺពេញ។ ហើយភាគច្រើននៃអាហារូបករណ៍ក៏គេនិយមប្រើ GPA ០ ទៅ ៤នេះផងដែរ។ ក៏មានសាកលវិទ្យាល័យមួយចំនួនដែលប្រើ Scale ខុសពីនេះផងដែរ តែគេមានវិធីបំលែង (conversion) របស់គេ។

ជាទូទៅ អាហារូបករណ៍ដែលផ្តល់តែងតែទាមទារឲ្យនិស្សិតមាន GPA ឲ្យសមស្របទៅតាមស្តង់ដាររបស់គេ។ អញ្ចឹង តើ GPA ប៉ុណ្ណាទៅទើបសមស្រប? ចម្លើយនៃសំនួរនេះគឺ វាអាស្រ័យទៅលើលក្ខណ្ឌនៃអាហារូបករណ៍នីមួយៗ ប៉ុន្តៃក្នុងអត្ថបទនេះ ខ្ញុំសូមលើកឡើងតែក្នុងករណី GPA ០ ទៅ ៤ (Scale 0-4) តែប៉ុណ្ណោះដែលពេញនិយមនៅប្រទេសរបស់យើង។ ភាគច្រើន GPA ចាប់ពី ៣.0 ឡើងទៅគឺសមល្មមនឹងអាចដាក់អាហារូបករណ៍បានហើយ ប៉ុន្តែបើបានកាន់តែខ្ពស់កាន់តែល្អ។ ខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្តែងមកនិយាយទៅចុះ ដូចជាអាហារូបករណ៍ Global UGRAD របស់សហរដ្ឋអាមេរិក គេបាននិយាយយ៉ាងច្បាស់ថា បេក្ខជនត្រូវមាន GPA យ៉ាងហោចណាស់ ៣.0 ដូច្នេះដរាបណាអ្នកបានបំពេញនូវលក្ខណ្ឌនេះ អ្នកអាចដាក់ពាក្យស្នើរសុំអាហារូបករណ៍នេះបាន។ តែដូចបានជំរាបជូនពីខាងដើមមកអញ្ជឹង ការដាក់អាហារូបករណ៍គឺមានការប្រកួតប្រជែងខ្ពស់ ដែលជាកត្តាតម្រូវឲ្យបេក្ខជនមានលក្ខណៈសម្បត្តិលេចធ្លោជាងគេទើបអាចត្រូវបានគណៈកម្មការរង្វាយតម្លៃអាចមើលឃើញពីសមត្ថភាពរបស់យើងបាន។

ទោះបីជាយ៉ាងនេះក៏ដោយ មាន GPA ខ្ពស់មិនប្រាកដថាអ្នកនោះនឹងទទួលបានអាហារូករណ៍នោះទេ ដោយសារតែ GPA គឺគ្រាន់តែជាធាតុផ្សំមួយនៃការរង្វាយតម្លៃរបស់គណៈកម្មការប៉ណ្ណោះ។ អ្នកខ្លះមាន GPA មិនសូវជាខ្ពស់ប៉ុន្មានទេ តែគេមានលក្ខណៈពិសេសផ្សេងៗទៀតដូចជា ភាពជាអ្នកដឹកនាំ ការចូលរួមការងារសង្គម សកម្មភាពក្រៅម៉ោងសិក្សា ការចូលរួមជាសមាជិកក្លិបសិក្សាណាមួយរបស់សាលា ការសរសេរសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន (Personal Statement) ការសរសេរគម្រោងសិក្សា ការបំពេញបែបបទបានត្រឹមត្រូវ និងចំនុចផ្សេងៗទៀតជាច្រើន។ ដូច្នេះហើយ បើសិនជាអ្នកមិនមានពិន្ទុ GPA ខ្ពស់ដូចគេទេ សូមកុំបាក់ទឹកចិត្ត ព្រោះថា GPA មិនមែនជាអ្នកកំណត់ថាអ្នកជាប់ ឬធ្លាក់នោះទេ គ្រាន់តែថាបើមាន GPA ខ្ពស់ បូកផ្សំនឹងលក្ខណៈសម្បត្តិដទៃទៀតអាចជួយឲ្យឱកាសក្នុងការទទួលបានអាហារូបករណ៍នោះខ្ពស់ជាងបេក្ខជនដទៃទៀតតែប៉ុណ្ណោះ។

និយាយជារួមមក បើសិនជាអ្នកមានពិន្ទុគ្រប់លក្ខណ្ឌដែលគេទាមទារហើយ សូមកុំបារម្ភពេក សាកល្បងដាក់លមើលទៅ។ បើអ្នកដាក់អាចជាប់ តែបើមិនដាក់ទេ ១០០% គឺអ្នកនឹងមិនបានអាហារូបករណ៍ទេ។ ជាចុងក្រោយ ខ្ញុំសូមអរគុណនូវការគាំទ្រនូវគេហទំព័រ អាឡាដាំងរបស់យើងខ្ញុំ ហើយបើអ្នកចង់តាមដាន និងទទួលបានចំណេះដឹងល្អៗពីអ្នកស្រាវជ្រាវរបស់យើងខ្ញុំ អ្នកអាច Subscribe បានតាមរយៈផេកហ្វេសប៊ុករបស់យើងខ្ញុំដែលមាននៅខាងក្រោមនៃគេហទំព័រនេះ។ ហើយបើមានជាសំនួរទាក់ទងនឹងការដាក់អាហារូបរណ៍ និងការសិក្សា អ្នកអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំបានតាមរយៈផេករបស់យើងខ្ញុំ។ សូមអរគុណ!

1 Like