តើអ្វីទៅជាអាហារូបករណ៍ “Monbukagakusho: MEXT” ?
អាហារូបករណ៍ “Monbukagakusho: MEXT” គឺជាប្រភេទកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិដែលមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុន។ កម្មវិធីអាហារូបករណ៍នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៤ ដោយក្រសួងអប់រំ (MEXT) ក្រោមកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសជប៉ុន។
ការដាក់ពាក្យសម្រាប់អាហារូបករណ៍នេះ បែងចែកជាពីប្រភេទ រួមមាន៖
- ការដាក់ពាក្យតាមរយៈ ស្ថានទូត – Embassy Recommendation
- ការដាក់ពាក្យតាមរយៈសាកលវិទ្យាល័យ – University Recommendation
មុខវិជ្ជាសិក្សា និងកំរិតនៃកម្មវិធីអាហារូបករណ៍
កម្មវិធី Monbukagakusho: MEXT ផ្តល់អាហារូបករណ៍ សម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិត (Master’s Degree) និងថ្នាក់បណ្ឌិត (Ph.D.)។ មុខវិជ្ជាសិក្សាមានច្រើន និងខុសគ្នាទៅតាមសាកលវិទ្យាល័យនិមួយៗ។
លក្ខខណ្ឌនៃការជ្រើសរើស
- សញ្ជាតិ៖ បេក្ខជនត្រូវតែមានសញ្ជាតិនៃប្រទេសដែលមានទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលប្រទេសជប៉ុន។
- អាយុ៖ បេក្ខជនត្រូវមានអាយុក្រោម ៣៤ឆ្នាំ។
- កំរិតសិក្សា៖ បេក្ខជនបានបញ្ចប់ការសិក្សា ឬនឹងបញ្ចប់ការសិក្សាក្នុងពេលឆាប់ៗនៃថ្នាក់បរិញ្ញាបត្រ (សំរាប់ការដាក់ពាក្យថ្នាក់អនុបណ្ឌិត) ឬអនុបណ្ឌិត (សំរាប់ការដាក់ពាក្យថ្នាក់បណ្ឌិត)។
- សុខភាព៖ បេក្ខជនត្រូវមានកាយសម្បទានគ្រប់គ្រាន់ និងសុខភាពរឹងមាំ។
- កំរិតភាសាអង់គ្លេស៖ បេក្ខជនត្រូវមានកំរិតភាសាអង់គ្លេសល្អ (IELTS 5.5 or above)
របៀបដាក់ពាក្យតាមរយៈ University Recommendation
កាលបរិច្ឆេទនៃការទទួលពាក្យ អាស្រ័យទៅតាមសាកលវិទ្យាល័យនិមួយៗ។ និស្សិតដែលមានបំណងចង់ដាក់ពាក្យ គួរតែតាមដានព័ត៌មានអាហារូបករណ៍នេះ តាមរយៈវេបសាយរបស់សាកលវិទ្យាល័យផ្ទាល់។ ជាទូទៅ ការទទួលពាក្យនឹងចាប់ផ្តើមក្នុងខែធ្នូ ជារៀងរាល់ឆ្នាំ។
ដំណើរការនៃការដាក់ពាក្យតាមរយៈ University Recommendation ៖
- ជំហានដំបូង បេក្ខជនត្រូវស្វែងរក Supervisor ដោយខ្លួនឯងពីសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត តាមរយៈការផ្ញើរ Email ដោយផ្ទាល់។
- បេក្ខជនត្រូវទទួលបានការយល់ព្រមពី Supervisor ដើម្បីអាចសុំ Admission និង Scholarship នៅជំហានបន្ទាប់។
- បន្ទាប់ពីទទួលបានការយល់ព្រមពី Supervisor បេក្ខជនត្រូវឆ្លងកាត់ការសម្ភាសពី Supervisor ឬ Graduate School។
- បន្ទាប់ពីឆ្លងកាត់ការសម្ភាស បេក្ខជននឹងទទួលបានពាក្យអាហារូបករណ៍ MEXT University Recommendation ពី Supervisor។
- ការដាក់ពាក្យ និងការប្រកាសលទ្ធផលនឹងធ្វើឡើងតាមរយៈ Supervisor ដោយផ្ទាល់។